ភ្នំពេញ៖ ក្នុងនាមជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា ដែលហៅកាត់ថា (ស.ប.ម.ក) ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ បានដឹកនាំគណៈប្រតិភូ១៧នាក់ តំណាងបញ្ញវន្តមុស្លិមកម្ពុជា រួមមានសមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំក្រសួងនានា ចេញដំណើរទៅចូលរួម កិច្ចប្រជុំបង្កើតសមាគមបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ (ICMA) នៅទីក្រុង Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូណេស៊ី។
កិច្ចប្រជុំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែធ្នូ ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម YTH Bapak Ir. H. Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។
ឯកឧត្តម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងបង្រួបបង្រួមបញ្ញវន្តមុស្លិមទូទាំងបណ្តាប្រទេសសមាជិកអាស៊ាន ឲ្យក្លាយទៅជាសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ICMA។ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់បញ្ញវន្តមុស្លិមតំណាងមកពី ១១ប្រទេស រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រុយណេ ថៃ សិង្ហបុរី ហ្វីលីពីន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។
គួរបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំនៅឥណ្ឌូណេស៊ី ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នឹងបន្តបេសកកម្មក្រៅប្រទេស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីទៅចូលរួម សន្និសីទអន្តរជាតិ ស្តីអំពីសាមគ្គីភាពឥស្លាម គ្រោះថ្នាក់នៃការលាបពណ៌ និងអបរិយាបណ្ណ ក្រោមការរៀបចំរបស់អង្គការសម្ព័ន្ធឥស្លាមពិភពលោក (Rabita) ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី១២ និង ១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងម៉ាក្កះ។
ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ Sheikh Abdullatif bin Abdulaziz Al-Sheikh រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាអារ៉ាប៊ីសាអូឌីត នៅទីក្រុងរីយ៉ាដផងដែរ៕
06