ភ្នំពេញ៖ នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ប្រតិភូសាកលវិទ្យាល័យចំនួន០២ មកពីសាធារណរដ្ឋឥណ្ឌូនេស៊ី គឺសាកលវិទ្យាល័យជាតិ Universitas Negeri Padang ដឹកនាំដោយ ឯកឧត្តមសាកលវិទ្យាធិការ Prof.Ganefri និងសាកលវិទ្យាល័យជាតិ Universitas Djuanda Bogor ដឹកនាំដោយឯកឧត្តមសាកលវិទ្យាធិការ Assoc.Prof.Dr.Dede Kardaya ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន សមាគមសហភាពបញ្ញវ័ន្ដ មុស្លិុមកម្ពុជា (CMIU) នៅវិមានសន្តិភាព។
ជំនួបនេះធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ច របស់ប្រតិភូនៃសាកលវិទ្យាល័យទាំង០២ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាដំណើរទស្សនកិច្ចឆ្លើយតបទៅនឹងទស្សនកិច្ចរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នៅឯសកលវិទ្យាល័យ Universitas Negeri Padang ចំនួន ០២ លើក ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយក៏ធ្វើឡើងបន្ទាប់ពីជំនួប និងចុះអនុសារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យទាំងពីរ ជាមួយនិងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
នៅក្នុងឱកាសនោះផងដែរ សាកលវិទ្យាល័យជាតិ Universitas Negeri Padang ដែលជាសាកលវិទ្យាល័យធំលំដាប់ទីពីរ ក្នុងខេត្តស៊ូម៉ាត្រា និងលំដាប់ទី ២៥ ក្នុងចំណោមសាកលវិទ្យាល័យចំនួន ៤៧០០ ចំណុះដោយគ្រឹះស្ថានអប់រំរបស់រដ្ឋចំនួន ១២២ និងមានសិស្សនិស្សិតកំពុងសិក្សារចំនួន ៤៣,០០០ នាក់ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី បានចុះអនុសារណយោគយល់គ្នា ជាមួយសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១៥ កន្លែង។ ដោយឡែកសាកលវិទ្យាល័យ Universitas Djuanda Bogor ក៏បានចុះអនុសារណៈផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០ កន្លែងផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យទាំងពីរ ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា ដែលនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ លោកបានថ្លែងថា នេះគឺជាកូនសោរទី០១ នៃដំណើរកិច្ចសហប្រតិបត្តិការរបស់យើង សង្ឃឹមថាទៅអនាគតនឹងមានសាកលវិទ្យាល័យផ្សេងៗទៀតចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះ។
លោកបន្តថា ជាភ័ព្វសំណាងណាស់សម្រាប់យុវជនជំនាន់ថ្មីដែលទទួលបានការអប់រំខ្ពស់ និយាយដោយឡែកចំពោះសហគមន៍ឥស្លាមកម្ពុជា ក្រៅពីការជ្រោមជ្រែងពីប្រទេសជាមិត្ត ក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលធ្វើឲ្យពួកគេមានឱកាសទទួលបាននូវការសិក្សាជ្រៅជ្រះ ថ្វីត្បិតតែព្រះរាជាណាចក្រកម្ពុជាមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋដែលកាន់សាសនាផ្សេងៗស្មើៗគ្នា៕