នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។
វេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ នេះ ត្រូវបានរៀបចំដោយ សមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា រួមនឹង សមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការរៀបចំដោយ អង្គការ សមាគមឥស្លាមមួយចំនួន ដោយមានអ្នកចូលរួមចំនួន ១៦១៥ នាក់ ដែលជា ថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន ថ្នាក់ដឹកនាំយុវជន បញ្ញវន្ត និស្សិត សិស្ស ថ្នាក់ដឹកនាំអង្គការ សមាគម និងតំណាងថ្នាក់ដឹកនាំក្រុមហ៊ុន សហគ្រាសឯកជន ជាដើម។
សូមបញ្ជាក់ថា វេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ ខាងលើ មានវេទិកាពិភាក្សាចំនួន ២។ ទី១ បំណិនសតវត្សរ៍ទី២១ ក្នុងនោះមានប្រធានបទ មានដូចជា សារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិម្មិត(AI) ភាពជាអ្នកដឹកនាំសតវត្សរ៍ទី២១ សហគ្រិនភាពសតវត្សរ៍ទី២១ ការអភិវឌ្ឍន៍ភាពជាសហគ្រិនតាមរយៈសេដ្ឋកិច្ចហាឡាល និងបំណិនសតវត្សរ៍ទី២១ សម្រាប់យុវជនមុស្លីម។
ចំណែកវេទិកាពិភាក្សាទី២ ទាក់ទងនឹង តួនាទីយុវជនសតវត្សរ៍២១ ក្នុងនោះមានប្រធានបទដូចជា ការអភិវឌ្ឍយុវជនមុស្លីមក្នុងយុគសម័យឌីជីថលបទពិសោធន៍នៃប្រទេសម៉ាឡេស៊ី យុវជនសតវត្សរ៍ទី២១ សុខភាពក្នុងបរិបទឌីជីថល និងភាពជាពលរដ្ឋសកល៕























