ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាការងារ រវាងសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា (CMIU) ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធាន CMIU ជាមួយសមាគមបញ្ញវន្តមុស្លិមឥណ្ឌូណេស៊ី (ICMI) ដំណាងដោយ លោកបណ្ឌិត Yasril Ananta Baharuddun ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ ត្រូវបានធ្វេីឡេីងនៅស្នាក់ការកណ្តាលសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការលើកគម្រោងសំខាន់ ដើម្បីពង្រឹងសកម្មភាពរបស់សមាគមប្រទេសសាម៉ី ការចែករំលែកបទពិសោធន៍ និង ការកំណត់កាលបរិច្ឆេទដើម្បីរៀបចំកិច្ចប្រជុំមួយ ដែលប្រទេសសមាជិក បានសម្រេចយកកម្ពុជាជាភាគីម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំពិភាក្សាស្តីអំពីការដាក់ចេញនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមបញ្ញវន្តមុស្លីមអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ICMA។ អង្គប្រជុំ បានឯកភាពថា នឹងរៀបកិច្ចប្រជុំខាងលើ នៅដើមសប្តាហ៍ នាខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ៕